លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រី Vladanka Andreeva និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់ភ្នាក់ងារនៃអង្គការសហប្រជាជាតិ​​ ដែលកន្លងមកតែងផ្តល់ការគាំទ្រ​ និងកិច្ចសហប្រតិបត្តិការដល់រាជរដ្ឋាភិបាលកម្ពុជា​​ ជាពិសេសក្រសួងយុត្តិធម៌​​ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប​​ លោកស្រីក៏បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាទទួលជំនួបសម្តែងការគួរសម និងបានសម្តែងនូវអារម្មណ៍សោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Vladanka Andreeva បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេស OHCHR, UNICEF, UNDP, និង UNODC។ ...