អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៨ខែមីនា លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Berdymukhamedov មេដឹកនាំជនជាតិនិងជាប្រធានក្រុមប្រឹក្សាប្រជាជននៃប្រទេសតួកមេនីស្ថានដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិននៅឯសណ្ឋាគាររដ្ឋDiaoyutaiនៅទីក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានលើកឡើងថា ការគាំទ្រគ្នាទៅវិញទៅមកគឺជាខ្លឹមសារស្នូលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងតួកមេនីស្ថាន។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននឹងគាំទ្រជាប់រហូតចំពោះប្រទេសតួកមេនីស្ថានជានិច្ចក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដី និងការប្រកាន់ខ្ជាប់គោលនយោបាយអព្យាក្រឹតភាពជាដរាប ក៏ដូចជាធ្វើជាដៃគូដែលគួរឱ្យជឿទុកចិត្តបានរបស់ប្រទេសតួកមេនីស្ថានជាប់រហូត។ ជាការឆ្លើយតបលោកBerdymukhamedovបានថ្លែងថា វិបុលភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ ប្រទេសចិនអភិវឌ្ឍកាន់តែប្រសើរឡើង នឹងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងដែរ។ ប្រទេសតួកមេនីស្ថាននឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយដូចពេលមុនៗ ហើយមានឆន្ទៈពង្រឹងការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យថាមពល ពាណិជ្ជកម្ម ការតភ្ជាប់គ្នានិងវិស័យផ្សេងៗទៀត ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព ក៏ដូចជារួមគ្នាជំរុញសន្តិសុខនិងស្ថិរភាព៕ ប្រភព ៖ (CCFR)