ទីផ្សារថាមពលកំពុងចលាចល​ បន្ទាប់ពី​អ៉ីរ៉ង់ វាយប្រហារលើទីតាំងថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ

ទីក្រុង​តេហេរ៉ង់៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា​ អ៉ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ ហើយគំរាមថានឹងវាយប្រហារដ៏បំផ្លិចបំផ្លាញបន្ថែមទៀត បន្ទាប់ពីរោងចក្រឧស្ម័នដ៏សំខាន់មួយរបស់ខ្លួនរងការវាយប្រហារ ដោយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការកើនឡើងការវាយប្រហារលើការផ្គត់ផ្គង់ប្រេង ដែលបានធ្វើឱ្យទីផ្សារថាមពលពិភពលោកចលាចលរួចទៅហើយនោះ។ ការព្រមានរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីរោងចក្រឧស្ម័ន South Pars របស់ខ្លួនរងការវាយប្រហារ។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀត ប្រសិនបើវិស័យថាមពលរបស់ខ្លួនរងការវាយប្រហារសាជាថ្មី។  «យើងព្រមានអ្នកជាថ្មី ថាអ្នកកំពុងប្រព្រឹត្តកំហុសដ៏ធំក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់។ ប្រសិនបើមានការវាយប្រហារជាថ្មី នោះការវាយប្រហារ បន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ្នក និងរបស់សម្ព័ន្ធមិត្តរបស់អ្នកនឹងមិនបញ្ឈប់នោះទេ រហូតទាល់តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវបានកម្ទេចទាំងស្រុង»។ នេះជាការព្រមានរបស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ គួរបញ្ជាក់ថា អ៉ីរ៉ងបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័ន South Pars។ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ រីឯក្រុមមន្ត្រីអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដឹងពីការវាយប្រហារលើរោងចក្រឧស្ម័នរបស់អ៉ីរ៉ង់ តែមិនបានចូលរួមពាក់ព័ន្ធឡើយ។ ជាការសងសឹក អ៉ីរ៉ង់កាលពីយប់ថ្ងៃពុធ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ អារ៉ាប៊ីសាអូឌីតបានព្រមានថាខ្លួននឹងរក្សាសិទ្ធិប្រើកម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់៕ ដោយ​៖ តារា​