ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសសរ១០០» ក្នុងខេត្តក្រចេះ។ អនុសាសន៍ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ បន្ទាប់ពីបានចុះពិនិត្យផ្ទះផ្ទាល់ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនក្នុងការកែលម្អរបន្ថែម ដើម្បីរក្សាមរតកបុរាណ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ផ្ទះសសរ១០០ មានវ័យជាង១០០ឆ្នាំ មានទីតាំងស្ថិតនៅវិហាររកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។ ផ្ទះចំណាស់នេះ ជាទីតាំងទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ នៅក្នុងខេត្តក្រចេះ។ ផ្ទះនេះត្រូវបាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ រៀបចំសាងសង់ឡើងវិញ ក្រោយពេលម្ចាស់ផ្ទះបរិច្ចាគជូន នៅឆ្នាំ២០២០។ ផ្ទះសសរ ១០០ បច្ចុប្បន្ននៅសល់សសរតែ៤០ដើមប៉ុណ្ណោះ ដោយសារតែសសរផ្សេងៗទៀតមានសភាពទ្រុឌទ្រោម ហើយត្រូវបានគេដកចេញ។ សម្ភារបុរាណមួយចំនួន ត្រូវបានរក្សាទុក ដូចជាគ្រឿងសង្ហារឹម គ្រឿងតម្បាញ ព្រះគណេស កណ្តៀវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដើម្បីឱ្យភ្ញៀវទេសចរឡើងទៅទស្សនា៕ដោយ៖តារា រូបថត៖ ខឹម សុវណ្ណារ៉ា