សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបនិងប្រគល់សារតាំង។  លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំអបអរសាទរដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។  នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគីបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកបានជួបនឹងប្រគល់សារតាំងនាឱកាសនេះ។ លោកបានជម្រាបជូនសម្ដេចតេជោថាបេសកកម្មរបស់លោកនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលឯកឧត្តមចង់ពង្រីកក្នុងអាណត្តិរបស់លោក។  ...