ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ តាមរយៈ នៃការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែក រួមមាន៖ ១. រក្សានូវអត្តសញ្ញាណ និងស្មារតីជាតិ ព្រោះថា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតមួយនៃអត្តសញ្ញាណជាតិខ្មែរ។ ការវិវត្តន៍នេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា អរិយធម៌ខ្មែរមិនដែលរលាយបាត់ឡើយ ។ ម៉្យាងទៀតគឺជាបន្តបាននូវការថែរក្សាមរតកដូនតា តាមរយៈការវិវត្តន៍ សិល្បករ និងអ្នកប្រាជ្ញបានខិតខំស្រាវជ្រាវ ស្ដារ និងថែរក្សានូវលក្ខណៈដើមពីសម័យអង្គរ ដូចជារូបចម្លាក់ទេពអប្សរ និងព្រះរាជពិធីនានា។ ២.លើកកម្ពស់គុណភាពសិល្បៈ និងសោភ័ណភាព ការវិវត្តន៍បានជំរុញឱ្យសិល្បករខ្មែរបង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យសម្លៀកបំពាក់កាន់តែមានភាពរុងរឿង ...