ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ពោលគឺរយៈពេលកន្លះខែនេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្ក១៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ករណីក្មេងទំនើងដែលបានកើតឡើងនោះ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ បានថយចុះ១៦ករណី និងជនបង្កបានថយចុះ៣៧នាក់។នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កណ្ដាល កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ការថយចុះករណីក្មេងទំនើងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺលទ្ធផលនេះកើតចេញពីមនសិការភ្ញាក់រលឹករបស់ក្រុមក្មេងទំនើង ទន្ទឹមនឹងកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុករបស់សមត្ថកិច្ចគ្រប់មូលដ្ឋាន។ គួរបញ្ជាក់ថាស្របតាមច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត៕ ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ