ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen Zhi គឺដោយសារ «ជាប់គុកនៅប្រទេសចិន»។ លើកឡើងក្នុងការធ្វើបទបង្ហាញក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ «មានបុគ្គល២នាក់អត់ប្រកាសទ្រព្យទេ! ១មាន Chen Zhi នោះ ឱ្យតែតែងតាំងជាទីប្រឹក្សាខ្ញុំអត់ខ្វល់រឿងចិន ចូរ អីទេ ឱ្យតែតែងតាំងជាទីប្រឹក្សាគឺត្រូវប្រកាសទ្រព្យណា! មិនមែនរដ្ឋាភិបាលយើងធ្វើលេងសើចឯណា។ ប្រកាសទ្រព្យមក ACU ប៉ុន្មានដងហើយ។ ពេលគាត់បញ្ឈប់ពីទីប្រឹក្សាគាត់អត់បានប្រកាសទ្រព្យចុងក្រោយផង។ យើងបានរាយការណ៍មូលហេតុព្រោះគាត់ជាប់គុកនៅប្រទេសចិន។អាហ្នឹងខ្ញុំត្រូវរាយការណ៍ដល់ក្រុមប្រឹក្សាជាតិកុំឱ្យគាត់ថាយើងមិនអនុវត្តច្បាប់លើករណីគាត់មិនប្រកាសទ្រព្យនេះ Chen Zhi ណា»។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានបញ្ជាក់ថា អ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនៅកម្ពុជាគឺចាប់ពីរាល់អ្នកដែលត្រូវបានតែងតាំងដោយអនុក្រឹត្យឡើង។ គួរឱ្យដឹងផងដែរថា អតីតអ្នកឧកញ៉ា Chen Zhi ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ...