គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរប្រកាសចងសម្ព័ន្ធភាពនឹងគ្នាជាថ្មី

នៅថ្ងៃទី១៩ ខែមីនានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានប្រកាសថា គណបក្សទាំងពីរនឹងរៀបចំធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងរាជធានីភ្នំពេញ ស្តីពីការចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរ។ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា គម្រោងចងសម្ព័ន្ធភាពរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅថ្ងៃខាងមុខនេះនឹងធ្វើទៅតាមការតម្រូវ​ ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថាប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ប្រកា៣ បានចែងថាគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ អាចធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគីបានដោយសេរី តាមសេចក្តីសម្រេចរបស់គណបក្សនីមួយៗ ស្របតាមលក្ខន្តិកៈគណបក្សនយោបាយ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ករណីលក្ខន្តិកៈរបស់គណបក្សនយោបាយណាមួយពុំបានចែងអំពីការធ្វើសម្ព័ន្ធភាពនោះទេ ការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយអាចធ្វើឡើងដោយសេចក្តីសម្រេចនៃមហាសន្និបាត ឬសមាជ ឬអង្គការសមមូលរបស់គណបក្សនោះ។ ចំណែកប្រការ៨វិញ ក៏បានបញ្ជាក់ដែរថា គណបក្សនយោបាយដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នា មិនអាចលើកផ្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនៅក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយនីមួយៗ អាចលើកផ្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយដាច់ដោយឡែករៀងៗខ្លួន៕