នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមស្ថានភាពស្រវឹងក្នុងខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក ថា ភក្តី ដែលជាបងប្រុសបង្កើតរបស់ក្មេងប្រុសរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១៩ មីនានេះថា លោកកំពុងស្វះស្វែងរកយុត្តិធម៌ឲ្យប្អូនប្រុស តាមរយៈការដាក់ពាក្យបណ្តឹងប្តឹងជនបង្ក។ បើតាមលោក ថា ភក្តី ពាក្យបណ្តឹងកំពុងស្ថិតនៅក្នុងការពិនិត្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។