កូនស្រីរបស់លោក គីម ជុងអ៊ុន បើកបររថក្រោះចម្បាំងធំ

កូរ៉េខាងជើងបានចេញផ្សាយរូបថតរបស់ គីមជូអេ ដែលជាកូនស្រីរបស់លោកគីមជុងអ៊ុន កំពុងបើកបររថក្រោះចម្បាំងធំជំនាន់ថ្មីដោយផ្ទាល់ ខណៈពេលកំពុងត្រួតពិនិត្យសមយុទ្ធកងទ័ព។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះថា សមយុទ្ធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា នៅមូលដ្ឋានហ្វឹកហ្វឺនលេខ៦០ ក្នុងទីក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីកងវរសេនាធំថ្មើរជើងមេកានិច អង្គភាពរថក្រោះចម្បាំងធំនៃកងកម្លាំងបម្រុងនៃអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង និងអង្គភាពកងកម្លាំងពិសេស។ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន រួមជាមួយកូនស្រីរបស់លោកគឺលោកស្រីគីមជូអេ និងមន្ត្រីជាច្រើននាក់ បានសង្កេតមើលព្រឹត្តិការណ៍នេះ។ រូបភាពដែលបានចេញផ្សាយបង្ហាញថាលោកស្រីគីមជូអេកំពុងអង្គុយក្នុងកៅអីអ្នកបើកបររថក្រោះចម្បាំងធំជំនាន់ថ្មីរបស់កូរ៉េខាងជើង ខណៈដែលលោកគីមជុងអ៊ុន និងមេបញ្ជាការយោធាអង្គុយជុំវិញប៉មរថក្រោះ។ KCNA បានរាយការណ៍ថា យោធាកូរ៉េខាងជើងបានដាក់ពង្រាយរថក្រោះចម្បាំងធំជំនាន់ថ្មី ដើម្បីចូលរួមក្នុងសមយុទ្ធនេះ ដើម្បីបង្ហាញពីសមត្ថភាពសមរភូមិរបស់ខ្លួន សមត្ថភាពប្រយុទ្ធសម្របសម្រួល និងផែនការប្រតិបត្តិការរបស់អង្គភាពនីមួយៗក្រោមបេសកកម្មយុទ្ធសាស្ត្រផ្សេងៗគ្នា។ គំរូរថក្រោះនេះបានចូលរួមក្នុងការធ្វើតេស្តជាច្រើន ដោយបានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលវាយប្រហារពីទិសដៅច្រើនយ៉ាងបាន 100% ដោយជោគជ័យ ដែលបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធការពារសកម្មរបស់ខ្លួន៕ ដោយ៖ ធីរីណា រូប​ថត​៖ KCNA