ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣,៥០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យណូអែល, ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អ ពីប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន១គម្រោង៖ បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង៦ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល ...