នៅថ្ងៃទី ២០ ខែមីនា អគ្គិភ័យធ្ងន់ធ្ងរមួយបានឆាបឆេះនៅរោងចក្រគ្រឿងបន្លាស់រថយន្តមួយក្នុងទីក្រុងដេជុន ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង។ របាយការណ៍ដំបូងបង្ហាញថា អគ្គិភ័យធ្ងន់ធ្ងរនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០នាក់រងរបួស រួមទាំង ៣៥ នាក់រងរបួសធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូង អគ្គិភ័យនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល១:១៧ រសៀល (ម៉ោងក្នុងស្រុក)។ ភ្លាមៗបន្ទាប់ពីទទួលបានរបាយការណ៍ អាជ្ញាធរបានចេញបទបញ្ជាចល័តពន្លត់អគ្គិភ័យទូទាំងប្រទេស – កម្រិតឆ្លើយតបបន្ទាន់ត្រូវបានអនុវត្តនៅពេលដែលទំហំនៃឧប្បត្តិហេតុលើសពីសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន។ រូបភាពពីកន្លែងកើតហេតុបង្ហាញពីផ្សែងពណ៌ប្រផេះក្រាស់កំពុងហុយចេញពីរោងចក្រ។ មន្ត្រីបាននិយាយថា វាមិនទាន់អាចកំណត់បានច្បាស់លាស់ថាតើមានកម្មករប៉ុន្មាននាក់ដែលនៅជាប់ខាងក្នុងនោះទេ ហើយបានព្រមានថា ចំនួនអ្នកស្លាប់និងរបួសអាចបន្តកើនឡើង។ អ្នកពន្លត់អគ្គិភ័យជាង ២០០ នាក់ និងរថយន្តឯកទេសប្រហែល ៧០ គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងអគ្គិភ័យ និងអនុវត្តប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ មូលហេតុនៃឧប្បត្តិហេតុមិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតជាបន្ទាន់៕ ដោយ៖ធីរីណា