សម័យសាច់ស្អុយសុីកាំបិតកោរ តើមន្រ្តីនគរបាលចរាចរណ៍រូបណាទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងដែលសាធារណជនកំពុងឆួលច្រមុះតាមដានស្អិតយ៉ាងដូច្នេះនោះ?

ភ្នំពេញ ៖ សម័យសាច់ស្អុយសុីកាំបិតកោរ តើមន្រ្តីនគរបាលចរាចរណ៍រូបណាទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងដែលសាធារណជនកំពុងឆួលច្រមុះតាមដានស្អិតយ៉ាងដូច្នេះនោះ? នេះជាការលើកឡើងរបស់លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើប្រព័ន្ធតេឡេក្រាមផ្ទាល់ខ្លួនរបស់លោកកាលពីម្សិលមុិញ ។  បើទោះជាលោកមិនបញ្ជាក់លម្អិតពីមន្រ្តីនគរបាលចរាចរណ៍រូបណាទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះក៏ដោយ តែលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ៖ ខ្ញុំទទួលស្គាល់ថា ទោះក្នុងហេតុផលណាក៏ដោយ ក៏សាធារណជន នៅតែសម្លឹងផ្ដោតលើស្រមោលខ្មៅជាជាងរូបកាយមន្រ្តីផ្លុំកញ្ចែបោយដៃក្រោមកំដៅថ្ងៃ។ ប៉ុន្តែយើងក៏មិនគួរបណ្ដោយឱ្យការវិនិច្ឆ័យដើរផ្ទុយពីសច្ចធម៌ដែលកំពុងកើតឡើងពេកនោះដែរ។ និយាយបែបម្យ៉ាងទៀត បើយើងអាចរិះគន់ និងហ៊ានបង្ហាញអារម្មណ៍ខឹងស្អប់លើមន្ត្រីគ្មានសីលធម៌ឬមិនអនុវត្តច្បាប់បានត្រឹមត្រូវ យើងក៏គួរតែហ៊ានទទួលយកការពិត ដោយផ្អែកលើការពិចារណារវាងហេតុនិងផលផងដែរ។  លោកថា ៖ ក្នុងនាមមន្ត្រីមួយរូបធ្វើការក្បែរថ្នាក់ដឹកនាំកំពុងឈរក្នុងអំណាចសម្រេចចំពោះលទ្ធផលនៃការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ក្រោមឱវាទដែលនៅទីនេះខ្ញុំនិយាយពីមន្ត្រីនគរបាលចរាចរណ៍ ខ្ញុំសូមអះអាងថា សច្ចធម៌ជាគូនឹងយុត្តិធម៌ ហើយអំពើទុច្ចរិតក៏ជាគូនឹងទណ្ឌកម្ម៕ ដោយ ៖ សិលា