ក្រសួងកសិកម្ម ច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ ពាក់ព័ន្ធនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារខ្លួនជាបន្ទាន់

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ ពាក់ព័ន្ធនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារខ្លួនជាបន្ទាន់។ យោងតាមការបង្ហោះលើគណនីផ្លូវការរបស់លោក ឃឹម ហ្វីណង់ បានឱ្យដឹងដូច្នេះថា៖ ការចេញផ្សាយមួយនេះរបស់សារព័ត៌មានពលរដ្ឋ CJNEWS តាមរយៈផេក «អំពីសហគមន៍កំពង់ធំ» កំពុងធ្វើឱ្យមានការយល់ច្រឡំលើការអនុវត្តតម្លៃស្រូវតាមកិច្ចសន្យារបស់សហគមន៍កសិកម្មទំនើបរបស់យើង នៅក្នុងឃុំកំពង់គោ ខេត្តកំពង់ធំ។ ដើម្បីជៀសវាងការយល់ច្រលំ ខ្ញុំសូមធ្វើការបំភ្លឺនូវចំណុចសំខាន់ៗមួយចំនួនមានដូចខាងក្រោម៖ *ថ្លៃផ្អែកលើគុណភាព៖ ការប្រែប្រួលថ្លៃទៅតាមគុណភាពស្រូវគឺជាការអនុវត្តស្តង់ដារក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ យើងមិនដែលមានកិច្ចសន្យាណាដែលផ្តល់ថ្លៃដូចគ្នាចំពោះស្រូវគុណភាពខុសគ្នាឡើយ ហើយចំណុចនេះមានចែងយ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌនៃកិច្ចសន្យា *ការចុះផ្សាយដោយខ្វះការផ្ទៀងផ្ទាត់៖ សារព័ត៌មាន CJNEWS មិនបានទាក់ទងមកសុំការបំភ្លឺមុននឹងចេញផ្សាយនោះទេ សូម្បីតែរូបខ្ញុំផ្ទាល់ដែលជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយមួយនេះក៏ដោយ។ *ភាពចាំបាច់នៃការតភ្ជាប់ទីផ្សារទុកជាមុន៖ សហគមន៍កសិកម្មទំនើបតែតម្រូវឱ្យមានកិច្ចសន្យាទិញទុកជាមុន ដើម្បីការពារកសិករពីហានិភ័យទីផ្សារ ជាពិសេសការពារពីការធ្លាក់ថ្លៃជាគំហុក។ ទោះបីជាថ្លៃស្រូវអាចប្រែប្រួលទៅតាមគុណភាពជាក់ស្តែង តែសមាជិកដែលបានតម្លៃទាបដោយសារបញ្ហាគុណភាពនោះនៅតែទទួលបានថ្លៃល្អជាងការយកស្រូវគុណភាពទាបនោះទៅលក់នៅទីផ្សារទូទៅដែរ។ *សំណើឱ្យមានការកែតម្រូវ៖ សូមស្នើឱ្យសារព័ត៌មានពលរដ្ឋ CJNEWS ធ្វើការកែតម្រូវការចុះផ្សាយរបស់ខ្លួនឡើងវិញ ដើម្បីជៀសវាងការយល់ច្រលំ និងធានាបាននូវការផ្តល់ព័ត៌មានសុក្រឹតជូនប្រជាកសិករយើង។ ខ្ញុំរីករាយនឹងផ្តល់ព័ត៌មានបន្ថែមជូន។ សូមសាធារណជនមេត្តាពិចារណាលើទិដ្ឋភាពជារួម និងជៀសវាងការសន្និដ្ឋានដោយផ្អែកលើព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយបែបនេះ»៕