កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងទិសដៅអបអរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចុងឆ្នាំ២០២៦

ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕