ភ្នំពេញ៖ ស្រ្តី២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូឌុបគ្នាបត់ត្រឡប់ក្រោយស្របពេលរថយន្តបើកផ្លូវត្រង់មកលឿនបុកពេញទំហឹង ហើយរថយន្តបន្តល្បឿនឡើងលើសួនផ្លូវទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ចំណុចក្បែរវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះ២នាក់ជិះម៉ូតូម៉ាក honda scoopy ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JL-8605 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិចលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿងបត់ឆ្វេងត្រឡប់ក្រោយ ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក HONG IQ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BV-2882 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនខណៈបើកមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងប៉ើងទៅផ្ទប់នឹងឃឿនហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តបុកឡើងលើសួនផ្លូវកល់ជាប់ទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលឲ្យស្រ្តីពីរនាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។រីឯម្ចាស់រថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចូលមកដល់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ