កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ​៖​ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីវេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះ​ នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។  យោងតាម​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ នៅថ្ងៃទី​២១​ ខែមីនា​ ឆ្នាំ​២០២៦​ បានឱ្យដឹងថា​ កូនផ្សោតនេះមានអាយុប្រមាណ២ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ៥ក្បាលផ្សេងទៀត។ នេះជាកូនផ្សោតទី៣ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។  ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕ ដោយ៖ ស តារា