ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពីការរាយការណ៍វឌ្ឍនភាពលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរព្រំដែន នៃអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំរឹទ្ធ ឌី និងលោក ហ៊ូ សាគុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីតាមដាន វាយតម្លៃ និងពិនិត្យលទ្ធផលនៃការអនុវត្តការងាររបស់នាយកដ្ឋានកណ្តាលនគរព្រំដែនក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ កន្លងមក។ នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារសំខាន់ៗ ដែលនាយកដ្ឋានកណ្តាលនគរព្រំដែនបានអនុវត្តក្នុងរយៈពេលកន្លងមក ដូចជា ការពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមិត្តភាពតាមបណ្តោយព្រំដែន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងវាយតម្លៃលើបញ្ហាប្រឈមនានា ...