Nokorwat News
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេសជាង៥០នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការភ្លាមស្រាវជ្រាវ ហើយឈានដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេសជាង៥០នាក់ និងដកហូតសម្ភារជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។ នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការបន្តទៀត៕ ដោយ៖សុខាសែនជ័យ
Go to News Site