Nokorwat News
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រលើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជាតាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍភាពការងារ និងទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាពប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។ ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករពីប្រទេសថៃអាចទទួលបានការទទួលស្គាល់ជំនាញ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងបានការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។ ...
Go to News Site