Collector
ធនាគារ ABA និងសមាគម CATA សហការគ្នា ដើម្បីបើកដំណើរការកម្មវិធី មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម | Collector
ធនាគារ ABA និងសមាគម CATA សហការគ្នា ដើម្បីបើកដំណើរការកម្មវិធី មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម
Kampuchea Thmey Daily

ធនាគារ ABA និងសមាគម CATA សហការគ្នា ដើម្បីបើកដំណើរការកម្មវិធី មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម

ភ្នំពេញ ថ្ងៃទី៦ មេសា ២០២៦ – ធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីដាក់ដំណើរការកម្មវិធី មូលនិធីហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ មានតម្លាភាព ស្របតាមគោលការណ៍ជំនឿសាសនា ដោយគាំទ្រដល់សាសនិកឥស្លាមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ និងត្រៀមខ្លួនសម្រាប់ចូលរួមពិធីបុណ្យហាជ្ជី។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក Askhat Azhikhanov នាយកប្រតិបត្តិការនៃធនាគារ ABA អមជាមួយនឹងអ្នកតំណាងមកពីសមាគម CATA និង ABA ជាច្រើនរូបទៀត។ មូលនិធិហាជ្ជី៖ ការគាំទ្រដល់ការសន្សំសម្រាប់ចូលរួមពិធីបុណ្យសាសនា បង្កើតឡើងដោយ CATA កម្មវីធីទូរស័ព្ទ មូលនិធិហាជ្ជី (Hajj Fund mobile application) ផ្ដល់នូវផ្លែតហ្វមដោយឡែកមួយ ដល់សាសនិកនៃសហគមន៍ខ្មែរឥស្លាម ដើម្បីចុះឈ្មោះ និងរួមវិភាគទានទុកសន្សំសម្រាប់ហាជ្ជី យ៉ាងងាយស្រួល និងមានរចនាសម្ពន្ធច្បាស់លាស់។ ក្រោមកិច្ចសហការជាដៃគូនេះ ABA នឹងក្លាយជាមធ្យោបាយទូទាត់ផ្ដាច់មុខសម្រាប់ប្រមូលមូលនិធិហាជ្ជី។ ការរួមវិភាគទាន អាចធ្វើទៅបានតាមរយៈ ABA KHQR ឬកាតធនាគារ ដោយធានាបាននូវប្រតិបត្តិការដ៏សុវត្ថិភាព និងជាទីទុកចិត្ត។ ការភ្ជាប់ប្រព័ន្ធនេះ បង្កើនលទ្ធភាពចូលរួម មូលនិធិហាជ្ជី និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងប្រាក់វិភាគទានរបស់ពួកគាត់យ៉ាងងាយស្រួល និងច្បាស់លាស់។ មុខងារ សន្សំគ្មានការប្រាក់ ក្នុង ABA Mobile ទន្ទឹមនឹងនេះដែរ ABA បានដាក់ឲ្យប្រើប្រាស់មុខងារ សន្សំគ្មានការប្រាក់ ក្នុងកម្មវិធី ABA Mobile របស់ខ្លួន បង្កើតឡើងសម្រាប់អតិថិជនដែលចង់គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ស្របតាមគោលការណ៍ច្បាប់ឥស្លាម។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្រែក្លាយគណនីសន្សំរបស់ខ្លួនទៅជា គណនីសន្សំគ្មានការប្រាក់ ដោយផ្ទាល់នៅក្នុងកម្មវិធី។ ការប្រាក់ទាំងឡាយដែលទទួលបានក្នុងគណនីនោះ នឹងត្រូវផ្ទេរទៅកាន់កម្មវិធីសប្បុរសធម៌នានា ដែលគ្រប់គ្រងដោយសមាគម CATA ដើម្បីគាំទ្រដល់សមាជិកសហគមន៍ដែលមានតម្រូវការ។ ដើម្បីបើកដំណើរការមុខងារ សន្សំគ្មានការប្រាក់ នៅក្នុង ABA Mobile អតិថិជនត្រូវ  ចូលទៅ គណនី ក្នុង ABA Mobile  ជ្រើសរើស គណនីណាមួយ រួចចុចលើសញ្ញា ចុចបី (...)  ចុចបើក មុខងារ សន្សំគ្មានការប្រាក់  ចុច ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ និង ចុច បើកដំណើរការឥឡូវនេះ ការប្ដេជ្ញាចិត្តចំពោះសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន លោក Askhat Azhikhanov មានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការ "នៅ ABA យើងខ្ញុំជឿជាក់ថា សេវាធនាគារមិនមែនផ្ដោតតែលើបច្ចេកវិទ្យា និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើ អ្នកប្រើប្រាស់ផងដែរ ពោលគឺជាការយល់ពីតម្លៃ ជំនឿ និងតម្រូវការរបស់សហគមន៍ដែលយើងខ្ញុំបម្រើសេវាជូន"។ លោកបន្ដថា "ភាពជាដៃគូរបស់យើងខ្ញុំជាមួយសមាគម CATA ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ តាមរយៈ ការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ នៅលើ ABA Mobile យើងខ្ញុំមានបំណងបង្កើតប្រព័ន្ធអេកូស៊ីស្ទែមសេវាធនាគារ ដែលគោរពលើពិពិធភាព និងបង្កើតគុណតម្លៃពិតប្រាកដសម្រាប់អតិថិជនគ្រប់រូបដែលយើងបម្រើសេវាជូន"។ លោក សែន សាម៉ាន នាយកប្រតិបត្តិនៃ CATA មានប្រសាសន៍ "អនុស្សរណៈយោគយល់នេះ គឺជាជំហានថ្មីដ៏សំខាន់មួយសម្រាប់សមាគមរបស់យើងខ្ញុំ។ ដោយមានការគាំទ្រផ្នែកឌីជីថលដ៏រឹងមាំរបស់ធនាគារ ABA ឥឡូវ សមាជិករបស់យើងខ្ញុំអាចគ្រប់គ្រងប្រាក់សន្សំរបស់ពួកគាត់យ៉ាងងាយស្រួល សុវត្ថិភាព និងស្ងប់ចិត្ត"។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់ ABA និង CATA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពចូលប្រើសេវាហិរញ្ញវត្ថុស្របតាមតម្រូវការរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា។ អំពី ABA៖ ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2025។ ធនាគារ ABA មាន 106 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនលើស 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ អតិថិជនរបស់ធនាគារ រួមមានសាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម មីក្រូអាជីវកម្ម និងបុគ្គល។ អំពី សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា៖ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) គឺជាសមាគមឥស្លាមមិនស្វែងរកប្រាក់កម្រៃ ដែលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សាមគ្គីភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយសីលធម៌ និងស្របតាមគោលការណ៍ច្បាប់ឥស្លាម (Shariah)។ CATA មានចក្ខុវិស័យចង់ឃើញសហគមន៍ឥស្លាមនៅកម្ពុជា ទទួលបាននូវសមត្ថភាពខ្ពស់ ចំណេះដឹងជ្រៅជ្រះ និងមានការរីកចម្រើនលើគ្រប់វិស័យនៃជីវភាពរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរបំផុត និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ The post ធនាគារ ABA និងសមាគម CATA សហការគ្នា ដើម្បីបើកដំណើរការកម្មវិធី មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម appeared first on Kampuchea Thmey Daily .

Go to News Site