Nokorwat News
ខេត្តព្រះវិហារ៖ រថយន្តសាំយ៉ុង១គ្រឿង បានដឹកឈើអារពេញ បោះពួយចេញពីខេត្តព្រះវិហារ ទីកំពុងកក្រើករឿងកាប់បំផ្លាញព្រៃឈើធម្មជាតិ ឆ្ពោះទៅកាន់ខេត្ត កំពង់ធំ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកព្រៃឡង់ស្ទាក់ចាប់។ ការស្ទាក់ចាប់ថយន្តដឹកឈើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦នេះ នៅចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កំពុងផ្ទុះការចាប់អារម្មណ៍រឿងកាប់បំផ្លាញព្រៃឈើនៅសហគមព្រៃរកា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឈើធំៗជាច្រើនដើម ត្រូវបានជនខិលខូចលួចកាប់រំលំ។ ប្រជាសហគមបានសម្តែងក្តីព្រួយបារម្ភពីការហិនហោចព្រៃឈើ ដែលនៅសេសសល់នាពេលបច្ចុប្បន្ន។ ក្រោយផ្ទុះរឿងកាប់បំផ្លាញព្រៃឈើនេះ មន្ត្រីឧទ្យានុរក្សក៏កំពុងសស្រាក់សស្រាំក្នុងការទប់ស្កាត់បទល្មើសនេះផងដែរ។ ការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ បើទោះបីមន្ត្រីឧទ្យានុរក្សមានចំនួនតិច ព្រៃឈើធំយ៉ាងណាក្តី តែមានការលើកឡើងថា ការទប់ស្កាត់បទល្មើសមិនលំបាកទេ បើមានឆន្ទៈប្រាកដក្នុងការបង្ក្រាប។ មិនលំបាកព្រោះថា ឈើដែលកាប់ពីព្រៃ មិនចេះបំបាំងកាយ ជ្រែកដី ឬហោះលើអាកាសនោះទេ ពោលចាំស្ទាក់តែផ្លូវចេញពីព្រៃ ដោយមិនឱ្យគេដឹកចេញទៅជាការស្រេចទៅហើយ។ ផ្លូវដឹកឈើចេញពីព្រៃមិនមានច្រើននោះទេ ដូច្នេះដាក់តែកម្លាំងស្ទាក់កុំឱ្យពួកគេដឹកចេញរួចទៅជាការស្រេចហើយ៕
Go to News Site