Collector
ទារកតូចម្នាក់ត្រូវម្តាយបោះបង់ក្នុងថង់យួរ ជិតផ្លូវជាតិលេខ៥១ ស្រុកអង្គស្នួល ខេត្តកណ្ដាល | Collector
ទារកតូចម្នាក់ត្រូវម្តាយបោះបង់ក្នុងថង់យួរ ជិតផ្លូវជាតិលេខ៥១ ស្រុកអង្គស្នួល ខេត្តកណ្ដាល
Nokorwat News

ទារកតូចម្នាក់ត្រូវម្តាយបោះបង់ក្នុងថង់យួរ ជិតផ្លូវជាតិលេខ៥១ ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ករណីគួរឲ្យភ្ញាក់ផ្អើល និងអាណិត អាសូរមួយ បានកើតឡើងនៅវេលាម៉ោងជិត ១១យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ខណៈក្មេងប្រុសតូចម្នាក់ត្រូវបានគេប្រទះឃើញដាក់នៅក្នុងថង់យួរ បោះចោលក្បែរតំបន់ព្រៃរបោះ ជិតផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង (ហៅតាឃ្វីន) ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើត ហេតុ បានឲ្យដឹងថា ទារកខាងលើត្រូវបានសង្ស័យថា ជាកូនដែលត្រូវបានម្តាយយកមកបោះបង់ចោលនៅទីតាំងខាងលើ ក្នុងស្ថានភាពគួរឲ្យអាណិត។ ក្រោយ ពេលប្រទះឃើញ ប្រជាពលរដ្ឋបានជួយអន្តរាគមន៍ភ្លាមៗ ដោយយកទារកចេញពីថង់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ បច្ចុប្បន្ន ក្មេងប្រុសតូចនោះ ត្រូវបាននាំយកទៅថែទាំបណ្ដោះអាសន្ននៅសាលាឃុំដំណាក់អំពិល ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីមូលដ្ឋាន និងបងស្រីម្នាក់ ដែលបានជួយមើលថែសុខុមាលភាពរបស់ក្មេង។ អាជ្ញាធរមូលដ្ឋាន កំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណម្តាយ ឬអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់សាធារណជន បើមានព័ត៌មានពាក់ព័ន្ធ សូមផ្តល់ដំណឹងដល់សមត្ថកិច្ច ដើម្បីជួយដោះស្រាយករណីនេះឲ្យបានត្រឹមត្រូវ។ មហាជនបានលើកឡើងថា ករណីនេះ បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គម ស្តីពីសុខុមាលភាពកុមារ និងការទទួលខុសត្រូវរបស់មាតាបិតា ដែលគួរត្រូវបានយកចិត្តទុកដាក់ និងការពារយ៉ាងម៉ឺងម៉ាត់៕

Go to News Site