Collector
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ចពីស្ថានភាពរស់នៅ និងរបបអាហាររបស់ជនជាប់ឃុំ ក្នុងពន្ធនាគារខេត្ត | Collector
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ចពីស្ថានភាពរស់នៅ និងរបបអាហាររបស់ជនជាប់ឃុំ ក្នុងពន្ធនាគារខេត្ត
Nokorwat News

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ចពីស្ថានភាពរស់នៅ និងរបបអាហាររបស់ជនជាប់ឃុំ ក្នុងពន្ធនាគារខេត្ត

ខេត្តស្វាយរៀង៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្នុងឱកាសដឹកនាំសហការីចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត។ ក្នុងជំនួបនេះដែរ លោកប្រធានពន្ធនាគារ និងលោកព្រះរាជអាជ្ញារង បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការ និងពន្ធនាគារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សិទ្ធិមនុស្ស និងការគ្រប់គ្រងជនជាប់ឃុំឱ្យបានល្អប្រសើរស្របតាមច្បាប់ជាធរមាន។ គោលបំណងសំខាន់នៃការចុះអធិការកិច្ចនាពេលនេះ រួមមាន៖ ⁃ ពិនិត្យស្ថានភាពរស់នៅ៖ តាមដាន និងវាយតម្លៃផ្ទាល់ពីស្ថានភាពសុខភាព អនាម័យ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាប់ឃុំ។ ⁃ ពិនិត្យរបបអាហារ៖ ចុះពិនិត្យទីតាំងផ្ទះបាយ និងគុណភាពអាហារ ដើម្បីធានាថាជនជាប់ឃុំទទួលបានរបបអាហារតាមស្តង់ដារកំណត់។ ⁃ ការងាររដ្ឋបាល និងច្បាប់៖ ចុះហត្ថលេខាបិទបញ្ជីលើសៀវភៅចុះបញ្ជីឈ្មោះជនជាប់ឃុំទាំងបួនប្រភេទ ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមនីតិវិធីច្បាប់។ ⁃ ដោះស្រាយបញ្ហាប្រឈម៖ ពិភាក្សាការងារ និងស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលពន្ធនាគារកំពុងជួបប្រទះ៕

Go to News Site