Nokorwat News
ក្នុងបរិបទនយោបាយអន្តរជាតិដែលកាន់តែស្មុគស្មាញ ការគ្រោងដកខ្លួនរបស់ថៃចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) ជាមួយកម្ពុជា មិនមែនជាការផ្លាស់ប្តូរបច្ចេកទេសធម្មតាទេ ប៉ុន្តែជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពក្នុងតំបន់សមុទ្រ។ កម្ពុជាបានឆ្លើយតបដោយភាពទន់ភ្លន់ ប៉ុន្តែច្បាស់លាស់ ដោយបញ្ជាក់ថា ប្រសិនបើការដកខ្លួននេះកើតឡើងពិតប្រាកដ វាជាការវិវឌ្ឍដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំង ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់កិច្ចព្រមព្រៀងមួយប៉ុណ្ណោះទេ ប៉ុន្តែអាចបំផ្លាញដល់មូលដ្ឋានសំខាន់នៃ “ទំនុកចិត្តយុទ្ធសាស្ត្រ” និង “ស្មារតីសហប្រតិបត្តិការ” ដែលបានកសាងឡើងអស់រយៈពេលជាយូរមកហើយ។ MoU ឆ្នាំ២០០១ ត្រូវបានបង្កើតឡើងក្នុងបរិបទដែលភាគីទាំងពីរមានភាពខុសគ្នាអំពីការទាមទារព្រំដែនសមុទ្រ ប៉ុន្តែបានជ្រើសរើសយកវិធីសាស្ត្រសន្តិវិធីមួយ គឺ “ការគ្រប់គ្រងជម្លោះតាមរយៈសហប្រតិបត្តិការ”។ កិច្ចព្រមព្រៀងនេះបានបង្កើតក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍរួមនៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area – OCA) ខណៈដែលការកំណត់ព្រំដែនចុងក្រោយ ត្រូវបានទុកឲ្យដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។ នេះបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់ភាគីទាំងពីរ ក្នុងការដាក់បញ្ហាអធិបតេយ្យភាពមួយឡែកសិន ដើម្បីបើកផ្លូវឲ្យផលប្រយោជន៍សេដ្ឋកិច្ចរួម និងស្ថិរភាពតំបន់។ យ៉ាងណាក៏ដោយ ការគ្រោងដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃ បង្ហាញពីការផ្លាស់ប្តូរទិសដៅនយោបាយយ៉ាងច្បាស់ ពីស្មារតីសហប្រតិបត្តិការទៅរកវិធីសាស្ត្រដែលផ្អែកលើការសម្រេចចិត្តជាឯកតោភាគី។ ការផ្លាស់ប្តូរនេះមិនមែនគ្រាន់តែជាការកែសម្រួលយន្តការច្បាប់ទេ ប៉ុន្តែជាសញ្ញាដែលអាចបង្កឲ្យមានភាពមិនប្រាកដប្រជាថ្មីៗទៀត ទាំងផ្នែកច្បាប់ សន្តិសុខ និងការគ្រប់គ្រងធនធានក្នុងតំបន់សមុទ្រដែលមានសារៈសំខាន់យ៉ាងខ្លាំង។ ចំពោះកម្ពុជា បើទោះបីជាមិនទាន់បញ្ជាក់នូវជំហរឆ្លើយតបផ្លូវការទៅភាគីថៃវិញយ៉ាងណាក្តី ប៉ុន្តែ ត្រូវបានគេមើលឃើញថា សកម្មភាពរបស់ថៃ គឺជាការងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលនេះគឺជាការបញ្ជាក់ឈរលើគោលការណ៍អន្តរជាតិ មិនមែនជាការនិយាយដោយប្រើអារម្មណ៍នយោបាយទេ។ ...
Go to News Site