Nokorwat News
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្តល់ព័ត៌មាន សូមជូនព័ត៌មានសំខាន់ៗមួយចំនួនសម្រាប់ថ្ងៃនេះ ! ទី១៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន ៩៦២នាក់ នៅឯសាលាខេត្តកំពង់ស្ពឺ។ កំពង់ស្ពឺ គឺជាខេត្តទី៣ហើយដែលសម្ដេចតេជោបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការបន្ទាប់ពីកំពង់ចាម និងត្បូងឃ្មុំ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ«ឈ្នះឈ្នះ»ដ៏សកម្មដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ន គឺជាខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។ សម្តេចប្រមុខរដ្ឋស្តីទីក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ សម្តេចតេជោក៏បានគាំទ្រវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះក្មេងទំនើងក្នុងការយកពួកគេទៅបម្រើការងារសាងសង់លេណដ្ឋាននៅតាមព្រំដែន ដែលជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ...
Go to News Site