Nokorwat News
ប្រទេសចិន ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចុះត្រួតពិនិត្យការងារនៅភូមិភាគស្វ័ត Guangxi កាលពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ១ ខែឧសភា។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តឲ្យស៊ីជម្រៅនូវអនុសាសន៍សំខាន់ៗ និងការណែនាំសំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីការកសាងបណ្តាញធនធានទឹក ដែលផ្តោតលើការប្រកាន់ខ្ជាប់ស្របគ្នាទាំងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម អេកូឡូស៊ី និងសន្តិសុខ ពន្លឿនការកសាងរចនាសម្ព័ន្ធសំខាន់នៃបណ្តាញធនធានទឹកជាតិ រៀបចំផែនការសម្រាប់ការកសាងគម្រោងបណ្តាញធនធានទឹកគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលនឹងបង្កើនការប្រើប្រាស់ជាចម្រុះនៃធនធានទឹក ដើម្បីផ្តល់ការគាំទ្រជាមូលដ្ឋាននិងការធានាដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ក្នុងអំឡុងពេលធ្វើការត្រួតពិនិត្យ លោក Li Qiang បានឈ្វេងយល់ពីសភាពការណ៍លម្អិតនៃការងារបង្កាទឹកជំនន់របស់ភូមិភាគ Guangxi ។ លោកបានលើកឡើងថា តំបន់ខាងត្បូងដូចជា Guangxi ជាដើម បានឈានចូលក្នុងរដូវកាលទឹកជំនន់ហើយ ត្រូវធ្វើការពិនិត្យនិងគ្រប់គ្រងដើម្បីទប់ស្កាត់ហានិភ័យ បង្កើនយន្តការតាមដានព្យាករណ៍និងផ្តល់ការព្រមានអំពីស្ថានភាពភ្លៀងនិងទឹកជំនន់ បង្កើនការរៀបចំចាត់ចែងរួមនៃគម្រោងធារាសាស្ត្រ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើបឱ្យកាន់តែច្រើនឡើងៗ កែលម្អផែនការជម្លៀសជនរងគ្រោះទឹកជំនន់ជាបន្ទាន់ ខិតខំប្រឹងប្រែងឲ្យបានពេញទំហឹង ដើម្បីធានាសុវត្តិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន និងធានាស្ថិរភាពសង្គមជាទូទៅ ៕ ...
Go to News Site