Nokorwat News
ភ្នំពេញ៖ ឃ្លាំងស្តុកនិងកែច្នៃស្នោមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងកម្លាំងសមត្ថកិច្ចជំនាញបញ្ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីម្ចាស់ឃ្លាំងបានឲ្យដឹងថា ពេលពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកនិងកែច្នៃស្នោនោះយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះពួកគាត់ក៏បាននាំគ្នាទាញទុយយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចហើយទាក់ទងទៅមន្ត្រីជំនាញសុំឡានទឹកឲ្យមកជួយអន្តរាគមន៍ភ្លាមៗ។ ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានដំណឹងខាងលើក៏ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ជាច្រើនគ្រឿង។ ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការបាញ់ទឹកពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនោះទេ ពោលគឺខូចខាតតែសម្ភារៈក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ ហើយពន្លត់ចប់នៅយប់ថ្ងៃខែដដែល។ ចំពោះមូលហេតុនៃការឆេះ កម្លាំងជំនាញនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ
Go to News Site