Nokorwat News
អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា លោកបានផ្អាកគម្រោងវាយប្រហារមួយប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បញ្ជូនសំណើសន្តិភាពមួយឱ្យទីក្រុងវ៉ាស៊ីនតោន ខណៈឥលូវមានឱកាសល្អបំផុតមួយដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីការដាក់កំហិតលើ កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ៉ីរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីមួយទៅឱ្យសហរដ្ឋអាមេរិក លោក ត្រាំ បានឱ្យដឹងថា រូបលោកបានណែនាំឱ្យយោធាអាមេរិកបញ្ឈប់គម្រោងវាយប្រហារលើអ៉ីរ៉ង់ តែលោកបានប្រាប់យោធាអាមេរិកឱ្យត្រៀមលក្ខណៈបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុត នៅពេលទទួលបានបទបញ្ជាក្នុងករណីដែលកិច្ចព្រមព្រៀងមួយមិនត្រូវបានឈានដល់។ នៅក្រោមសម្ពាធដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងបើកច្រកសមុទ្រ Hormuz លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ លោក ត្រាំ ក៏បានបង្ហាញផងដែរពីសុទិដ្ឋិនិយមជាច្រើនលើកថាជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានអះអាងដែរថាមេដឹកនាំកាតារ អារ៉ាប៊ីសាអូ៊ឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្នើឱ្យរូបលោកផ្អាកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ពីព្រោះថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងដែលជាកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិកព្រមទាំងបណ្ដាប្រទេសទាំងអស់នៅមជ្ឈិមបូព៌ាអាចទទួលយកបាន៕
Go to News Site