Nokorwat News
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីជោគជ័យនៃប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជនបរទេសពីរនាក់ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋបាញ់ប្រហារយ៉ាងសាហាវនៅក្នុងប្រទេសវៀតណាម រួចរត់ភៀសខ្លួនចូលមកលាក់ខ្លួនក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមរបាយការណ៍ផ្លូវការ ករណីបាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ លើជនជាតិអូស្ត្រាលីចំនួន ២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសជាទម្ងន់។ ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតរកឃើញថា ក្រុមខ្មាន់កាំភ្លើងបានលួចរត់ភៀសខ្លួនចូលមកក្នុងប្រទេសកម្ពុជា។ ភាគីវៀតណាមក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាបន្ទាន់មកកាន់នគរបាលជាតិកម្ពុជា ដើម្បីដេញប្រមាញ់ជនល្មើស។ តាមរយៈការផ្លាស់ប្តូរព័ត៌មានជំនាញ និងកិច្ចសហការយ៉ាងស្អិតរមួត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជនជាតិសាម៉ូអាចំនួន ២នាក់ រួមមាន៖ ១. ឈ្មោះ VAA VAA ភេទប្រុស អាយុ ២៧ឆ្នាំ និង ២. ឈ្មោះ TAFIA STEVE ភេទប្រុស អាយុ ២៣ឆ្នាំ។ ក្រុមជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ...
Go to News Site