Collector
លោក ហ៊ុន សែន សង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ | Collector
លោក ហ៊ុន សែន សង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ
RFI ខេមរភាសា

លោក ហ៊ុន សែន សង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ក្រោមជាតិ​ក្នុង​ខេត្តកណ្តាល​ នៅថ្ងៃ​​​​៦មិថុនាម្សិលមិញនេះ លោក ហ៊ុន សែន​​ ប្រធានព្រឹទ្ធសភាកម្ពុជា ​បានដាក់ការសង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ​។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ​ប្រធានព្រឹទ្ធសភា​ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី​៧មិថុនានេះថា ​ការដាក់ក្តីមន្ទិលយ៉ាងដូចនេះ ក៏ដោយសារតែលោក ហ៊ុន សែន កត់សម្គាល់ឃើញថា ​ចំណូលពន្ធគយបានកើនឡើង បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ។  សូមជម្រាបថា ​រយៈពេល​ ៥ខែដើមឆ្នាំ២០២៦នេះ ​កម្ពុជាបានទទួលចំណូលពន្ធដារ​​ជាង ​​២ ០០០ លានដុល្លារ ឬ​ ៥៣% នៃផែនការ​ឆ្នាំ​២០២៦ ​និង​​បើ​បូកជាមួយពន្ធគយ កម្ពុជារកបាន​ចំណូល​សារពើពន្ធសរុបប្រមាណ ​​​​៣ ៥០០លានដុល្លារឯណោះ​។ ​នេះមិនទាន់រាប់បញ្ចូល​​ចំណូលមិនមែន​សារពើរពន្ធផងទេ។​ សម្រាប់លោក ហ៊ុន សែន ចំណូលពន្ធដ៏ច្រើននេះ គឺជាមោទនភាពសម្រាប់កិច្ចការងារប្រមូលពន្ធរបស់រដ្ឋាភិបាលកម្ពុជា​។ ​​​គួរដឹងដែរថា យោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលចំណូលសារពើពន្ធឱ្យបាន ៦ ៨០០លានដុល្លារ ក្នុងនោះចំណូលពន្ធដារ ៣ ៨០០លានដុល្លារ និងចំណូលពន្ធគយ ៣ ០០០លានដុល្លារ៕

Go to News Site