Nokorwat News
ភ្នំពេញ ៖ យុវជន៣នាក់រងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូប្រដេញវាយទៅលើយុវជនមួយក្រុមទៀតខណៈយុវជនមួយក្រុមនោះបានបកមកដេញវាយវិញភ័យក៏ជិះរត់ជ្រុលទៅបុកថយន្តដែលកំពុងតែបើកបរយ៉ាងពេញទំហឹង។ ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយបថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១៨២ កែងផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្ដីពីបុរសម្នាក់ជាម្ចាស់រថយន្តម៉ាកTOYOTA Rushពណ៌ស ពាក់ ផ្លាក លេខ ភ្នំពេញ 2BL-3257 បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីលិចទៅកើត លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែឃើញមានយុវជន៣នាក់ជិះម៉ូតូម៉ាក HONDA Winner x មួយគ្រឿងពណ៌ក្រហមពាក់ ផ្លាក លេខ ភ្នំពេញ 1KP-1294 ឌុបគ្នាចេញពីផ្លូវលេខ២២៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះពួកគេដេញវាយគ្នាជាមួយនិងយុវជនមួយក្រុមទៀតក៏ជិះម៉ូតូជ្រុលទៅបុករថយន្តគាត់តែម្តងបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យចំណែកយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួសរួចដើរគេចពីកន្លែងកើតហេតុបាត់ស្រមោល រីឯយុវជនមួយក្រុមផ្សេងទៀតក៏ជិះម៉ូតូរត់គេចខ្លួនទៅបាត់តែម្តង។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ
Go to News Site